ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រដល់សម្មភាពនានារបស់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ក្នុងការថែរក្សា អភិរក្ស សត្វដំរីនៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រដល់សម្មភាពនានារបស់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងការថែរក្សា អភិរក្ស សត្វដំរី នៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ អ្នកស្រី ចិន្តា ក្លេ ខៃ ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានជម្រាបពីសកម្មភាពការងារ ដែល សមាគម មូលនិធិ សម្រេចអនុវត្តន៍ បានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងកិច្ចការថែរក្សា ការពារដំរី ឱ្យរស់នៅក្នុងព្រៃបានយ៉ាងល្អ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

អ្នកស្រី ចិន្តា ក្លេ ខៃ បានគោរពស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដើម្បីបន្តកិច្ចការងារទៅមុខបន្ថែមទៀត ពិសេសទាក់ទងបញ្ហាថែរក្សា អភិរក្សដំរី នៅក្នុងប្រទេសកម្ពុជា ដោយធ្វើយ៉ាងណា ដើម្បីបង្កាត់ពូជឱ្យដំរី និងបានកើតកូន នៅក្នុងស្រុកខ្មែរ។ អ្នកស្រីបានបន្ដថា បច្ចុប្បន្ននេះ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នៅខេត្តរតនគិរី បានចិញ្ចឹមដំរី ចំនួន ០៣ ក្បាល រួមមាន ញី ០១ ឈ្មោល ០២ ក្បាល ហើយដំរីឈ្មោលបានបង្កាត់ពូជជាមួយដំរី ញី រយៈពេលប្រមាណជាងមួយឆ្នាំរួចហើយ ដែលមកដល់ពេលនេះ ដំរីញី មានអាការៈខុសប្លែក ហាក់ដូចជាពោះធំ។ ដូច្នេះ នៅសល់តែរយៈ ពេលប៉ុន្មានខែទៀត និងទទួលបានដំណឹងល្អ ពីដំរី ញី នេះហើយ។
អ្នកស្រី ចិន្តា ក្លេ ខៃ បានជម្រាបជូនពីគម្រោងរៀបចំជារាត្រី សមោសរ ដូចជារៀងរាល់ឆ្នាំ ដើម្បីប្រមូលមូលនិធិ ពីសប្បុរសជននានា សម្រាប់ទុកជួយ ទ្រទ្រង់ដល់ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា។ អ្នកស្រីបានលើកឡើងថា តាមរយៈគម្រោងនេះ ដោយសារបញ្ហា នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្រុមការងារ គ្រោងមិនធ្វើជាកម្មវិធីពេលយប់ ដែលមានអ្នកចូលរួមច្រើននោះទេ ដោយប្តូរមកធ្វើពេលថ្ងៃវិញ ដើម្បីងាយស្រួលក្នុងការរៀប ចំសម្រាប់អ្នកចូលរួម ដោយរក្សាឱ្យមានគម្លាតគ្នា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អ្នកស្រី ចិន្តា ក្លេ ខៃ បានសម្ដែងនូវការអរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ដូចជា សប្បុរសជននានា ដែលជានិច្ចកាលតែងបានជួយឧបត្តម្ភគាំទ្រ ដល់សមាគមមូលនិធិ អភិរក្ស ដំរីខ្មែររៃអាវត្តា ក្នុងការថែរក្សា និងការពារសត្វដំរី នៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស និងមានច្រើនបន្ថែមទៀតទៅថ្ងៃអនាគត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *