ព័ត៌មានជាតិ

“សង្ក្រាន្តខ្មែរនៅកូរ៉េ” បានផ្តើមរៀបចំនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត​ រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ ។

“ឈាមខាប់ជាងទឹក” ស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋ តែងបានប្រារព្ធ និងរក្សានូវទំនៀមទម្លាប់ដ៏ល្អល្អះរបស់ខ្មែរ ដោយមានរៀបចំនូវពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងលេងល្បែងប្រជាប្រិយនានា ដូចជា៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។ បន្ថែមពីនេះ បងប្អូនខ្មែរនៅកូរ៉េ ក៏មិនអាចភ្លេចបាននូវការរៀបចំកម្មវិធីដាក់បង្ហាញម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់ រួមផ្សំជាមួយនឹងកម្មវិធីអាហារសាមគ្គីរួមគ្នា ក្រោយពីបញ្ចប់កម្មវិធីផងដែរ ។

សូមបញ្ជាក់ផងដែរថា កម្មវិធីធំនៃ “សង្ក្រាន្តខ្មែរនៅកូរ៉េ” នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗពីប្រទេសកម្ពុជា និងបន្តសហការរៀបចំនៅតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់ទៀតរហូតដល់ចុងសប្តាហ៍ទី៤នៃខែមេសា ឆ្នាំ២០២៤ ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *