(ភ្នំពេញ)៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានេះ បានចំណាយពេលសាងសង់ជិត៤ឆ្នាំ ជាមួយថវិកាជិត១២៣លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ ក៏នឹងអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រលើដីជាយដែននេះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យ ប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។
ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

