ឃាត់ខ្លួនមន្រ្តីយោធាកងវិស្វកម្មម្នាក់ ក្រោយនាំគ្នាប្រមាណ ១០នាក់ វាយពលរដ្ឋដល់ផ្ទះនៅស្រុកពាមជរ ខេត្តព្រៃវែង

(ព្រៃវែង)៖ មន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិ បានលើកគ្នាប្រមាណ ១០នាក់ ទៅវាយប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដោយសាររឿងទាស់សម្តីគ្នា កាលពីវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
បើតាមនគរបាលស្រុកពាមជរ បានឲ្យដឹងថា មានករណីបង្ករអំពើហិង្សាមួយបានកើតឡើង បង្កដោយក្រុមកងវិស្វកម្មក្រសួងការពារជាតិ មានគ្នីគ្នាប្រមាណ ១០នាក់ បានលើកគ្នាមកវាយក្រុមប្រជាពលរដ្ធ ដល់ផ្ទះដែលរស់នៅភូមិឃុំខាងលើបណ្តាលរងរបួសទាំងសងខាង។ មូលហេតុទំនាស់ពាក្យសំដី។
សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ឈ្មោះ សោ សុផល ហៅស្វិត អាយុ២៦ឆ្នាំ ជាមន្ត្រីយោធា ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងតាយ៉ង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកពាមជរ បានប្រគល់ជនសង្ស័យជាមន្ត្រីយោធា ឲ្យកម្លាំងកងរាជវុធខេត្ត ដើម្បីកសាងសុំនុំរឿងបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធទៅនិងករណីនេះលោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរបានបញ្ជាក់ថា រឿងដែលឈានដល់ប្រើអំពើហិង្សានេះ គឺកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានកម្មវិធី ខនសឺតមួយ នៅភូមិតាហ៊ុយ ឃុំកំពង់ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ងដែរ នៅក្នុងពិធីនេះមានការផឹកស៊ីទាស់សម្តីគ្នាបន្តិចបន្តួច លុះដល់ព្រឹកឡើងភាគីទាំងពីរ បានដឹកដីផ្លូវតែមួយ ក្នុងនោះក្រុមពលរដ្ឋក៏មានរថយន្តដឹកដីដែរ ហើយក៏បានសួរគ្នាថា យប់មិញមានរឿងអី? ហើយក៏បានផ្ទុះហិង្សា ក្រុមប្រជាពលរដ្ឋរត់គេចចេញ ខណៈនោះក្រុមកងវិស្វកម្មដេញតាមវាយគ្នា រហូតមកដល់ផ្ទះប្រជាពលរដ្ឋភូមិពងទឹក ឃុំក្រាំងតាយ៉ងតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *