ស្រុកអូររាំងឪ ៖ «លោកគ្រូ អ្នកគ្រូ ជាប្រភពនៃការផលិតធនធានមនុស្សដ៏សខាន់ សម្រាប់អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាយើង» នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូចំនួនជាង ៥០០នាក់ ទូទាំង ស្រុកអូររាំងឪ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានបន្ត ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារ សូមគោរពថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សដ៏ល្អ ប្រកបដោយគុណធម៌ សីលធម៌ មានចំណេះ ជំនាញ សម្រាប់សង្គមជាតិយើង ។
ចំណេះដឹងជាប្រទីបបំភ្លឺផ្លូវ នាំយើង ចេះវិភាគ ថ្លឹងថ្លែង មានគោលដៅជីវិត អាចជួយខ្លួនឯង និង សង្គមជាតិបាន ។ កន្លងមករាជរដ្ឋាភិបាលបានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ នៃអាទិភាពទាំង៤គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារយើងបានយកមកអនុវត្តប្រកបដោយជោគជ័យ ។ ជាការឆ្លើយតបនឹងកិច្ចខិតខំរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ដឹកនាំ និង ក្រុមការងារយើងតែងឧបត្ថម្ភគាំទ្រលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សតាមរយៈ ថវិកា សម្ភារៈ ជាក់ស្តែង ការផ្តល់រង្វាន់ដល់សិស្សានុសិស្សទាំងសិស្សទទួលបាននិទ្ទេស A និងសិស្សប្រលងថ្នាក់ទី១២ ការរៀបចំព្រឹត្តិការណ៌សង្ក្រាន្តទូទាំងស្រុក ជាពិសេសការសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក និង អាគារសិក្សា នៅភូមិបឹងផ្តិល ឃុំទួលសុភី អាគារសិក្សាទាំងនេះមានបរិយាកាសសិក្សាល្អ លំហូរខ្យល់គ្រប់គ្រាន់ មានសោភ័ណភាព ស្របតាមស្តង់ដា សាលាមេត្រីបរិស្ថាន ។
ឯកឧត្តមប្រធានបានបញ្ជាក់ថា ក្នុងនាមយើងជាអ្នកទទួលផលពីសុខសន្តិភាពយើងត្រូវរួមគ្នារក្សាសន្តិភាព រួមគ្នាអភិវឌ្ឍន៍ និងបន្តកសាងសិមិទ្ធិផលសម្រាប់អ្នកជំនាន់ក្រោយ៕