ឯកឧត្តម កែវ ពិសិដ្ឋ អនុប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយសមាជិកសាខាបក្សភូមិក្នុងមូលដ្ឋានឃុំពពេល និងក្រុមការងារចុះជួយឃុំពពេល ដើម្បីណែនាំត្រៀមបើកយុទ្ឋនាការបោះឆ្នោត នៅថ្ងៃទី១ ខែកក្ដដាខាងមុខ អោយបានរលូន ទទួលបានជោគជ័យ លើសលប់នៅក្នុងការបោះឆ្នោតខាងមុខ។
ឯកឧត្តមប្រធានក្រុមការងារ បានណែនាំក្រុមការងារ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព គោរពច្បាប់ និងនីតិវិធីបោះឆ្នោត របស់គ.ជ.ប អោយបានខ្ជាប់ខ្ជួននៅពេលឃោសនាបោះឆ្នោត និងរហូតដល់ចប់ការបោះឆ្នោត។
ឯកឧត្តម កែវ ពិសិដ្ឋ បានណែនាំក្រុមការងារ សមាជិក សមាជិកាបក្សទាំងអស់ រៀបចំក្បួនឃោសនាឱ្យប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងចៀសវាងឱ្យបាននូវការប៉ះពាល់នានា ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូរ និងភាពចាស់ទុំឱ្យស័ក្កិសមជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។ ឯកឧត្តម បានណែនាំក្រុមការងារអោយយកចិត្តទុកដាក់ ផងដែរ ទៅដល់ការថែរក្សា សុខភាព និងសុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនាបោះឆ្នោត។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់ការណែនាំក្រុមការងារគណបក្សទាំងអស់ ត្រូវរក្សាឱ្យបានចលនា និងប្រក្រតីភាព នៃបរិយាកាសទូទៅនៅក្នុងមូលដ្ឋាន និងត្រូវចិត្តទុកដាក់អនុវត្តទៅតាមផែនការណែនាំ និងផែនការសកម្មភាពការងារ ស្របទៅតាមប្រតិទិនការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការងារផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត និងត្រូវបន្តសកម្មភាពឃោសនា និងការចុះជួបសមាជិក បក្សតាមខ្នងផ្ទះ សំដៅធ្វើយ៉ាងណា ឱ្យសមាជិកគណបក្សបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ពោលគឺត្រូវធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។
ឯកឧត្តមប្រធានក្រុមការងារ បានណែនាំមន្រ្តីគណបក្សបន្តធ្វើអំពើល្អ អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសមិនត្រូវភ្លេច ក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ ប្រកបគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ ដោះស្រាយភាពអសកម្មនានា ពិសេសការដោះស្រាយ បញ្ហាការស់នៅប្រចាំថ្ងៃ និងការលើកតម្តើងជីវភាពរបស់ប្រជាជន៕