ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ២០២៣ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡា រួមទាំងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ក្នុងនាមជាប្រធានកិត្តិយសក្លិបយុវជនកាកបាទក្រហមកម្ពុជា ជាទីប្រឹក្សាយុវជន នៃក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនសមាជិក-សមាជិកា យុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ចំនួន ៧០៧នាក់ នា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
នាឱកាសជួបសំណេះសំណាលនោះឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានាកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើដល់សមាជិក-សមាជិកាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ ដែលមានវត្តមាននាឱកាសនេះ។ ឯកឧត្តម ឱ្យដឹងថាអស់រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា សូមអបអរ និងមោទកភាពចំពោះ ជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រជាក់លាក់ការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំង បានគ្រប់គ្រាន់ និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារ សង្គម តាមរយៈឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋដែល រងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
លើសពីនេះទៅទៀត ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក៏មានច្រើនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះជាសមិទ្ធផលមួយដ៏ធំធេង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកក្នុងឱកាសនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ក៏សូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣ រួមមាន៖ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យវេស្ទើន ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងការសិក្សារបស់និស្សិត និងសមាជិក សមាជិកាយុវជនទាំងអស់ មិនទុកយុវជនណាម្នាក់ចោល ប្រកបដោយឆន្ទៈ និងស្មារតីចែករំលែកក្តីស្រឡាញ់ ក្នុងការជួយនិស្សិត សាស្ត្រាចារ្យ យុវជន និងអ្នកដែលមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សូមថ្លែងនូវអំណរគុណ និងការកោតសរសើរ ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និង ក្រុមប្រឹក្សាភិបាល នៃបណ្តាញក្លឹបយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានឧត្តមសិក្សា ដែលជានិច្ចកាលលើកកម្ពស់តម្លៃនៃការអប់រំ និងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវធនធានដ៏សប្បុរសឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ និងសូមក្មួយៗយុវជនបន្តសកម្មភាពមិត្តជួយមិត្ត មិត្តអប់រំមិត្ត ជាពិសេសធ្វើជានិស្សិត យុវជន ចិត្តធម៌បន្តទៀត ដើម្បីជួយជំរុញសកម្មភាពមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្តថែរក្សា អនាម័យ បរិស្ថាន ក្នុងន័យលើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរួមចំណែកកសាងធនធានមនុស្សឱ្យមានសក្ដានុពល លើជំនាញដែលពាក់ព័ន្ធ នឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងសម័យបច្ចេកវិទ្យាដ៏ទំនើបជានាពេលខាងមុខ។ អ្វីដែលពិសេសទៀតនោះសូមបន្តថែរក្សាសន្តិភាព អរគុណសន្តិភាព និងរួមកម្លាំងគ្នា ដើម្បីអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ សូមបញ្ជាក់ថា សមាជិក សមាជិកា យុវជន កាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានសិក្សាទាំង៣ខាងលើសរុបចំនួន ៧០៧នាក់ ក្នុងម្នាក់ទទួលបាន មី១កេស ត្រីមួយយួ សៀវភៅសរសេរ ១០ក្បាល និងថវិការមួយចំនួន។ ដោយឡែកនិស្សិតដែលខ្វះមធ្យោបាយធ្វើដំណើចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានកង់ម្នាក់មួយបន្ថែមទៀតផងដែរ៕