ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពតាមរយៈ Facebook បានបង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។

ឯកឧត្តម បណ្ឌិតបានសរសេរថា «ខ្ញុំបាទប៉ាន់ខែម ប៊ុនថននិងក្រុមគ្រួសាររួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ក្នុងនាមប្រជាជនកម្ពុជាដែលកំពុងរស់ក្រោមម្លប់សុខសន្តិភាព. សូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តរតនគិរី មណ្ឌលគិរីនិងខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម កំពុងរងការបំពានដោយយន្តហោះបញ្ជា គ្មានមនុស្សបើក ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ហើយខ្ញុំបាទក៏សូមគោរពជូនពរដល់កងកម្លាំងដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មនេះសូមទទួលបានជោគជ័យកុំបីខានឡើយ»។

សូមជម្រាបថា បន្ទាប់ពីទទួលព័ត៌មានថា មានយន្តហោះគ្មានមនុស្សបើកហោះចូលដែនដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជានាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បញ្ចេញកម្លាំង៥០០នាក់ និង អាវុធ២០០ដើម ដាក់ពង្រាយគ្រប់ច្រកល្ហក់ សម្រាប់ការ ទំលាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលមកខេត្តរតនគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *