សៀមរាប ៖ នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩និង២០នាទី មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ មួយកន្លែងឈ្មោះ ចិនខ្មៅ ដែលស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សែឡែន។
ក្នុងករណីអគ្គិភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស ០១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុខាងលើ ខូចខាតស្ថានីយនិងប្រេងឥន្ធនៈ គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង ហើយអគ្គិភ័យបានបន្តឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា ម្ចាស់ផ្ទះឈ្មោះ ឡុច លន ភេទប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ(តិចតួច) និងរោលជញ្ជាំងថ្មខូចខាតមួយចំហៀងផ្ទះ។
ក្រោយទទួលបានព័ត៌មានពីករណីអគ្គិភ័យខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៨គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអង្គភាពនគរបាលការពារបេតិកភ័ណ្ឌចំនួន ០១គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។
សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕