ខេត្តកោះកុង ÷ បើយោងតាមសេចក្តីរាយការណ៍ ពីមហាជន និងប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគីរីសាគរ នៃខេត្តកោះកុង បានឲ្យដឹងមកថា: ស្រុកទាំងបីក្នុង ខេត្តកោះកុង ពោលពេញដោយបទល្មើសជាច្រើនករណី ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់បីដូចជាសំងំ ដូចជាត្រូវថ្នាំសណ្តំអ្វីមួយ បានជាមិនសូវឃើញ មានការទប់ស្កាត់បទល្មើស របស់ក្រុមអ្នកកាប់បំផ្លាញទ្រព្យសម្បត្តិជាតិទាំងនេះទាល់តែសោះ។

បើយើងងាកទៅមើលស្រុកគីរីសាគរ នៃខេត្តកោះកុង សេចក្តីរាយការណ៍យ៉ាងលំអិតមួយពី ពីប្រជាពលរដ្ឋនិងសារព័ត៌មាន មានការងើយឆ្ងល់ចំពោះ រីសត មួយកន្លែង ដែលសាងសង់លើផ្ទៃសមុទ្រ នៅចំណុចកោះស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ពួកគាត់បានដាក់ជាសំណួរសួរថា តើការសាងសង់ផ្ទះរឺក៏ រីសត នៅក្នុងផ្ទៃទឹកសមុទ្រនេះ តើត្រឹមត្រូវទៅតាមច្បាប់ដែរឬទេ! បើត្រឹមត្រូវទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាមែន តើពួកគាត់អាចសាងសង់ផ្ទះនៅលើផ្ទៃទឹកសមុទ្រ ដូចបុគ្គលមានលុយ មានអំណាចនេះដែរឬទេ!នេះជាសំណួរដែលប្រជាពលរដ្ឋសួរទៅកាន់អាជ្ញាធរមូលដ្ឋាន ។

តើបទល្មើសទន្ទ្រានអចលនទ្រព្យ ដូចជាការរំលោភយកដីមាត់ព្រែក មាត់សមុទ្រ ដីសាធារណៈ ឬផ្ទៃសមុទ្រ សម្បត្តិរដ្ឋ យកមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ច្រើនតែកើតចេញពីអ្នកមានលុយ និងមានអំណាច និងមានបក្សពួកអ្នកធំ ធ្វើជាខ្នងបង្អែកតែប៉ណ្ណោះ ទង្វើល្មើសច្បាប់ទាំងនេះ ពួកគេហាក់ផ្គើនទៅនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានផ្ដល់អនុសាសន៍យ៉ាងក្តៅគគុកថា បុគ្គលណាដែលហ៊ានរំលោភលើដីសាធារណៈដីព្រៃលិចទឹក ដីព្រែក ដីមាត់សមុទ្រ ផ្ទៃសមុទ្រ ដីតាមតំបន់បឹងទន្លេសាប ឬដីមាត់បឹងទន្លេសាប ជាជម្រកមច្ឆាជាតិ ត្រូវតែទទួលការខុសត្រូវមុខច្បាប់ជាដាច់ខាត តែសម្រាប់នៅខេត្តកោះកុងវិញ អ្នកមានលុយ មានអំណាច និងមានបក្សពួកមួយចំនួន ហាក់ដូចជាមិនខ្វល់ អនុសាសន៍ដែលមានតម្លៃ ប្រមុខរាជរដ្ឋាភិបាលនោះឡើយ!

ជាក់ស្ដែងដូចបុគ្គលដែលបានទន្ទ្រានយកឆ្នេរសមុទ្រ សាងសង់សំណង់រឹងមាំ រីសត លើកផ្ទៃសមុទ្រ នៅចំណុចកោះស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុងនេះជាដើម ជាគឺអ្នកមានលុយ មានអំណាច នៅទីក្រុងភ្នំពេញ ទោះបីមិនទាន់បង្ហាញឈ្មោះ បង្ហាញមុខ នៅទង្វើរំលោភសម្បត្តិរដ្ឋ យ៉ាងក៏ដោយក្រុមអ្នកសារព័ត៌មានរបស់យើង នៅតែបន្តសាវជ្រាវ រកឈ្មោះបុគ្គលនេះមកបង្ហាញសាធារណៈជនឲ្យស្គាល់ និងធ្វើការវាយតម្លៃឲ្យទាល់តែបាន។

សូមបញ្ជាក់ផងដែលថា: ពាក់ព័ន្ធសាងសង់សំណង់លើផ្ទៃសមុទ្រនេះ ធ្លាប់បានរដ្ឋបាលខេត្តកោះកុង ចុះធ្វើការផ្អាកមិនឲ្យសាងសង់ម្ដងរួចមកហើយ មិនដឹងជាយ៉ាងម៉េច បានជាបន្តសាងសង់បន្តទៀតយ៉ាងដូច្នេះ អង្គភាពអ្នកសារព័ត៌មានយើង បានធ្វើការសួរនាំតាមទូរស័ព្ទទៅកាន់មេការ ដែលបានកាន់កាប់នៅទីនោះ មានច្បាប់សាងសង់ដែរឬអត់ តែមេការនោះបានបញ្ជាក់ប្រាប់ថា គេបានរត់ការច្បាប់យូរមកហើយ តែមិនទាន់មកដល់ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសារព័ត៌មានរបស់យើង បានទំនាក់ទំនងទៅសួរនាំលោក មេឃុំកោះស្ដេច ដែលប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថារវល់ប្រជុំមិនបានបកស្រាយអ្វីច្រើននោះទេ!ជាមួយគ្នានេះ អ្នកសារព័ត៌មានរបស់យើង មិនបានសុំការបំភ្លឺ ពីលោកអភិបាលស្រុកគិរីសាគរ បានទេ!ដោយសារពុំស្គាល់លេខទូរស័ព្ទរបស់គាត់ឡើយ! តែបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅស្រុកគីរីសាគរ កំពុងមានការព្រួយបារម្ភជាខ្លាំងចំពោះការបាត់បង់សម្បត្តិធម្មជាតិរបស់រដ្ឋ ដោយសារស្នាដៃ បុគ្គលអ្នកមានលុយ មានអំណាច មានបក្សពួកមួយចំនួនតូច។

ដូច្នេះហើយមហាជន និងប្រជាពលរដ្ខបានសូមណុំពរទៅដល់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្រសួងពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាចាត់វិធានការតឹងរឹង ឬមួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យទីតាំងការដ្ឋានមួយកន្លែងនេះផង តើបុគ្គលអ្នកមានលុយ មានអំណាច និងមានបក្សពួកមកពីរាជនីភ្នំពេញ ណាម្ចាក់ទៅ ដែលកំពុងធ្វើព្យុះធ្វើភ្លៀង លើទឹកដីស្រុកគីរីសាគរនេះ តើគួរដាក់ទោសទន់ ចំពោះបុគ្គលនេះ ទុកជាគំរូដល់អ្នកដ៍ទៃទៀតបានដែរឬទេ???
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ៕

