ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន ដើម្បីតាមដានសុខភាពពលរដ្ឋ និងនិស្សិតខ្មែរ កំពុងស្នាក់នៅប្រទេសចិន

(ភ្នំពេញ)៖ សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសភាពការណ៍វិវឌ្ឍនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នៅសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖
* កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានការណ៍វិវត្តនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្តាស្ថានតំណាងរបស់កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាពនៃសុខុមាលភាពរបស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
* ទន្ទឹមនឹងការផ្តល់ទំនុកចិត្តលើចំណាត់ការប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ របស់ចិន ដើម្បីផ្ញើជូននិស្សិតខ្មែរនូវគ្រឿងបរិក្ខារអនាម័យចាំបាច់នានា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានទទួលការបញ្ជាក់ប្រកបដោយភាពកក់ក្តៅថា សាកលវិទ្យាល័យចិន បានឧបត្ថម្ភស្បៀង និងសម្ភារៈចាំបាច់នានាដល់និស្សិត ហើយបានសំណូមពរអោយអនុវត្ត និងគោរពតាមវិធានការបង្ការ និងទប់ស្កាត់ដែលអាជ្ញាធរចិនបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនផង និងសាធារណៈផង។
* មកដល់បច្ចុប្បន្ននេះ ពុំមានករណីឆ្លងមេរោគនេះលើពលរដ្ឋខ្មែរទេ។
* ក្នុងស្មារតីយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងតាមដានសុខុមាលភាពរបស់ពលរដ្ឋយើង ជាពិសេសនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតបណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានា នៅប្រទេសចិន ដើម្បីសម្រួលដល់ទំនាក់ទំនង និងការផ្តល់ព័ត៌មានបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានរៀបចំជាប្រព័ន្ធទូរស័ព្ទ សម្រាប់មាតាបិតាអាណាព្យាបាលនិស្សិតដែលកំពុងស្នាក់អាស្រ័យនៅប្រទេសចិន ដែលចង់បានព័ត៌មានបន្ថែមឬមានចំងល់ទាក់ទងនឹងសុវត្ថិភាព និងសុខភាពនិស្សិត តាមលេខទំនាក់ទំនង ដូចខាងក្រោម៖
លោក ជ័យ រដ្ឋា 077575807
លោក យស សុខេមរិន 012445959
លោក ហន ឧសភា 089216599៕

adm

Leave a Reply

Your email address will not be published. Required fields are marked *