(ព្រៃវែង) ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េ ដឹកត្រី បើកបុកហើយកិន កាលពីវេលាម៉ោង៥និង០៥នាទីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ខែក ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-5149 ឆ្លងផ្លូវពីលិចទៅកើត មិនទាន់ផុតផង ស្រាប់តែរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-8508 ដឹកត្រី បើកពីត្បូងទៅជើងបុកម៉ូតូ កិនជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕