ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា បើគ្មានគ្រូបង្រៀនទេ ពិតណាស់មិនមានធនធានមនុស្ស មិនមានអ្នកចេះដឹង ហើយក៏មិនអាចក្លាយជាមន្ត្រីរាជការដែរ នេះជាវីរៈភាពរបស់លោកគ្រូអ្នកគ្រូ។
មានប្រសាសន៍បែបនេះនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូក្នុងខេត្តត្បូងឃ្មុំ ប្រមាណ៨០០នាក់ តំណាងគ្រូបង្រៀនជិត៥៣០០នាក់ បង្រៀននៅសាលាប្រមាណជិត៥០០សាលា នៅទូទាំងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ធំ) សាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ប្រទេសជាតិមួយជឿនលឿន ក្លាយជាអ្នកមាន មានសីលធម៍សង្គមខ្ពស់ លុះត្រាតែមានអ្នកចេះដឹងពោរពេញដោយសមត្ថភាព។ដូច្នេះសូមឲ្យលោកគ្រូអ្នកគ្រូបញ្ចេញអស់សមត្ថភាព ផ្តល់ឱវាទក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ធ្វើឲ្យទំពាំងពោរពេញដោយសីលធម៍ គុណភាព ជួយរុញច្រានប្រទេសកម្ពុជាបន្តពង្រឹងពង្រីកលើធនធានមនុស្ស ដែលជាកត្តាស្នូល សម្រាប់អភិវឌ្ឍន៍រីកចម្រើនសង្គមជាតិកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ខាងមុខនេះ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។
សារជាចុងក្រោយទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា ឆន្ទៈលោកគ្រូអ្នកគ្រូ គឺនៅក្នុងក្រអៅបេះដូងសិស្សានុសិស្ស ឪពុកម្តាយ-អាណាព្យាបាលសិស្ស ព្រមទាំងពលរដ្ឋខ្មែរគ្រប់រូប នៅក្នុងសង្គមជាតិទាំងមូលជាដរាប។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ក្នុងឆ្នាំសិក្សា២០២២.២០២៣ បុគ្គលិកទូទាំងខេត្តសរុប៥.២៧៩នាក់ ស្រី២.៥២៥នាក់ ក្នុងនោះ ក្របខណ្ឌ(ក) ចំនួន៦៨៨នាក់ ស្រី២១៧នាក់ ក្របខណ្ឌ(ខ) ចំនួន១.៦៨៩នាក់ ស្រី៦៥៤នាក់ ក្របខណ្ឌ(គ) ចំនួន២.៩០២នាក់ ស្រី១.៦៥៤នាក់ ។ ក្នុងនោះ មានគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅចំនួន៩១៤នាក់ ស្រី៤៩៨នាក់ គ្រូបង្រៀន២ថ្នាក់ ២ពេល ចំនួន៥៦៥នាក់ ស្រី៣៣២នាក់ គ្រូបង្រៀនថ្នាក់គួប២កម្រិតចំនួន១៣៧នាក់ ស្រី៥០នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៧នាក់ ស្រី៣នាក់ គ្រូបង្រៀនក្របខណ្ឌខ្មែរ-ឥស្លាមចំនួន៣១៧នាក់ ស្រី៦៦នាក់ ក្នុងក្របខណ្ឌ(ក)ចំនួន៣៥នាក់ ក្របខណ្ឌ(ខ)ចំនួន២០៥នាក់ ក្របខណ្ឌ(គ)ចំនួន៧៧នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ចំនួន៤២នាក់ផងដែរ៕