នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំទទួល “គណៈប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នាពេលខាងមុខនេះ”។

-ភាគីនគរបាលខេត្តតាកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងសហការីចំនួន ១៦រូប។
-ភាគីយោធាការពារព្រំដែនខេត្តអានយ៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ មេបញ្ជាការយោធាការពារព្រំដែនខេត្តអានយ៉ាង និងសហការីចំនួន ១៥រូប។
ជាកិច្ចចាប់ផ្តើមភាគីយោធាការពារព្រំដែនវៀតណាម បានសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ សូមឱ្យថ្នាក់ដឹកនាំស្នងការនគរបាលខេត្តតាកែវ និងសហការី ទាំងអស់សូមមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច និងសូមបន្តកិច្ចសហការរវាងកម្លាំងខេត្តទាំងពីរទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៣។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ មេបញ្ជាការយោធាការពារព្រំដែនខេត្តអានយ៉ាង បានចំណាយពេលដ៏មានតម្លៃ ដឹកនាំសហការីមកជូនពរ ឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវយើងខ្ញុំនាពេលនេះ។ រយៈពេលបីឆ្នាំកន្លងមកដោយសារការរីករាលដាលនៃជំងឺ(កូវីដ-១៩) កងកម្លាំងយើងទាំងពីរមិនបានជូនពរដល់អង្គភាពដូចថ្ងៃនេះទេ ទើបតែថ្ងៃនេះយោធាការពារព្រំដែនខេត្តអានយ៉ាង បានមកជូនពរឆ្នាំថ្មីដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តតាកែវតែម្តង ទាំងនេះអាស្រ័យដោយជំងឺកូវីដ-១៩មានការថយចុះគួរឱ្យកត់សម្គាល់។ ទន្ទឹមនោះដែរលោកស្នងការបានលើកឡើងនូវទិសដៅចំនួន ០៧ចំណុច និងសំណូមពរ ០១ចំណុច សម្រាប់ឱ្យកងកម្លាំងភាគីទាំងពីរសហការអនុវត្តនៅឆ្នាំ២០២៣នេះដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ជួញដូរមនុស្ស និងការលួចឆ្លងដែនដោយខុសច្បាប់។

ព្រមទាំងបានជូនពរដល់លោកវរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ មេបញ្ជាការយោធាការពារព្រំដែនខេត្តអានយ៉ាង និងសហការី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទមក ក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ៕


