ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន

(ភ្នំពេញ)៖ ការក្រើនរំឮកបែបនេះ របស់ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជិត៣០០នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ទី១៖ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ ទី២៖ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។
ឯកឧត្តមបានបន្តថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។
«ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ទី១៖ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឱ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា» នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ ក៏ប៉ុន្តេ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធបានឲ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយ ផ្សព្វផ្សាយនោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *