(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងាឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប ក្រោមហេតុផលថា ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានឱនភាពនោះ បាននឹងកំពុងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា។ ការសម្រេចចុងក្រោយរបស់គណៈកម្មការអឺរ៉ុប នឹងប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ។ ដែលវិធានការនេះ ត្រូវបានគេមើលឃើញថា ជាវិធានការទណ្ឌកម្មមួយរបស់គណៈកម្មការអឺរ៉ុបមកលើកម្ពុជា។
នៅចំពោះមុខមន្ត្រីឯកអគ្គរដ្ឋទូត និងមន្ត្រីតំណាងស្ថានទូតប្រទេសជាមិត្តនានាដែលបានចូលរួមក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នយោបាយដាក់ទណ្ឌកម្ម ជានយោបាយប្រទេសធំសង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ។ ជាពិសេសពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ។សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាមជិត ៣០ឆ្នាំ ហើយបានស្រោចស្រង់មកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ គប្បីជួយឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការរបស់ពួកគេ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។