រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខា ចុះត្រួតពិនិត្យទីតាំងស្ដុកទុក និងចែកចាយសាច់បង្កក និងប្រហិតមួយកន្លែង នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ រកឃើញសាច់បង្កក និងប្រហិត ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌ តម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារនោះទេ ។
ជាមួយគ្នាផងដែរ មន្ត្រីជំនាញ ក.ប.ប. រាជធានីភ្នំពេញ បានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងកែច្នៃជើងទា និងអណ្ដាតទា ដែលពុំមានអនាម័យសមស្របតាមលក្ខខណ្ឌ តម្រូវស្ដីពីម្ហូបអាហារ ដោយបានផ្អាកបណ្ដោះអាសន្ន និងស្រង់យកសំណាកគំរូ ទៅវិភាគ នៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ដើម្បីរកសារធាតុហាមឃាត់ ផងដែរ ។
អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសហការផ្ដល់ដំណឹងមកអគ្គនាយកដ្ឋាន នៅពេលណា ដែលឃើញ និងដឹងថា មានករណីចរាចរលក់ទំនិញ ម្ហូបអាហារ ដែលពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ ៕