(បន្ទាយមានជ័យ)៖ ក្រុមប្រជានេសាទ នៅតាមដងស្ទឹងសិរីសោភ័ណ មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានការនេសាទចាប់បានសត្វក្រពើជាប់ៗគ្នា២ថ្ងៃ គឺកាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០២៣។
ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានប្រជានេសាទម្នាក់ឈ្មោះ ជឹម លី អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅបង់សំណាញ់ នៅតាមស្ទឹងសិរីសោភ័ណ ស្រាប់តែបង់បានសត្វក្រពើមួយក្បាល មានទម្ងន់៤គីឡូក្រាម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជានេសាទឯទៀត ជាពិសេសក្រុមអ្នករាវលៀសលក់ ព្រោះពួកគាត់តែងតែទៅរាវលៀសនៅក្នុងស្ទឹងជាប្រចាំថ្ងៃ។
លុះដល់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ នៅម៉ោង៦យប់ អ្នកនេសាទម្នាក់នោះក៏បានចេញទៅរកត្រីបន្តស្រាប់តែបង់បានសត្វក្រពេីមួយក្បាលទៀតនៅក្នុងស្ទឹងក្បែរកន្លែងដដែល។ ក្រពើដែលបង់បានលើកទី២នេះ មានទំម្ងន់៦ គីឡូក្រាម។
ក្រោយពីប្រជានេសាទបង់សំណាញ់បានសត្វក្រពើក្នុងស្ទឹងជាបន្តបន្ទាប់បែបនេះ បានធ្វើឱ្យពលរដ្ឋរស់នៅក្បែរស្ទឹងសិរីសោភ័ណ មានការងឿងឆ្ងល់ថា តើសត្វក្រពើទាំងនេះមានប្រភពចេញមកពីណា បានជាចេញដើរតាមស្ទឹង បែបនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការខ្លាចរអាគ្រប់ៗគ្នា ពិសេសក្រុមអ្នករាវលៀស លែងចង់ហ៊ានចុះទៅក្នុងស្ទឹងនោះទៀត។ ជាមួយគ្នានោះដែល ប្រជាពលរដ្ឋបានស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយចាត់វិធានការករណីក្រពើនេះផង៕