កំពង់ឆ្នាំង: លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៩ខ្នងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកវីរៈសេនីយ៍ឯក ប៉ាល់ ជឿន បានបញ្ជាក់ថា: កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា យប់មិញនេះ មានភ្លៀងធ្លាក់មួ យមេយ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបោកបក់មកលើកលំនៅដ្ឋានប្រជាពលរដ្ឋប៉ះឃុំចំនួន៣ ក្នុងស្រុកកំពង់លែង បណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៩ខ្នងរងផលប៉ះពាល់ដោយខ្លះរបើកដំបូល និងខ្លះ ទៀតរបើកជញ្ជាំង ក្នុងនោះមាន៤ខ្នងបានរលំរៀបដល់ដី ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះឲ្យដឹងដែរថា: ករណីដែលពលរដ្ឋក្នុងស្រុកកំពង់លែង ១៩ គ្រួសាររងគ្រោះ ដោយលំនៅដ្ឋានរបស់ពួកគាត់រងការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៦កន្លងទៅនេះ នៅថ្ងៃទី២៨ស្អែកនេះ លោកនឹងដឹកនាំក្រុមការងាររដ្ឋបាលស្រុក រួមនិងសាខាកាកបាទក្រហមសាខាស្រុកកំពុងលេង ចុះសួរសុខទុក្ខដោយនាំយកនូវអំណោយមួយចំនួនចែកជូនដល់ពួកគាត់ផងដែរ។
ជាមួយគ្នានេះផងដែរ លោកនឹងពិនិត្យបន្ថែមទៅលើទំហំនៃការខូច ខាតលំនៅដ្ឋានទាំងអស់នោះដើម្បីនិងជួយឧបត្ថម្ភពួកគាត់ជាស័ង្កសី ឬក៏ជាឈើខ្លះដើម្បីឲ្យពួកគាត់បានយកទៅជួសជុលលំនៅឋានដែលរងការខូចខាតទាំងអស់នោះតាមជាក់ស្ដែង៕