ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា លោកស្រី ច្យូតស្នា ពូរី បាននិងកំពុងដឹកនាំគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យរបស់ខ្លួន។
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង។
ដោយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងរ៉ូម (Rome) នៃប្រទេសអ៉ីតាលី IFAD បានចូលរួមជាមួយគម្រោងជាង២០០ នៅក្នុងប្រទេសជិត១០០។ IFAD បានផ្តល់មូលនិធិ និងឧបត្ថម្ភគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងដី និងទឹក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាល និងអប់រំ កសិករអំពីការប្រើប្រាស់ បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពងាយស្រួលសម្រាប់ការចូលទៅកាន់ទីផ្សារ រួមទាំងគម្រោងជាច្រើនទៀត។
IFAD មានប្រទេសជាសមាជិកចំនួន១៧៧ ហើយធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៧៧។ IFAD បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ២២.៤ពាន់លានដុល្លារអាមេរិក ហើយបានសម្របសម្រួលថវិកាបន្ថែមចំនួន ៣១ពាន់លានដុល្លារអាមេរិក នៅក្នុងសហហិរញ្ញប្បទានអន្តរជាតិ និងក្នុងស្រុក៕