ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរគំនិតផ្តួចផ្តើមរបស់ លោក លី ជុង គឿន ប្រធានក្រុមហ៊ុន ប៊ូយុង គ្រុប ក្នុងការបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាក នៅកម្ពុជា ================

ការគាំទ្ររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងខណ:ដែលលោក លី ជុង គឿន Lee Joong Keun ប្រធានក្រុមហ៊ុន ប៊ូយុង គ្រុប Booyoung Group ត្រូវបានលោកជំទាវអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

នៅក្នុងជំនួបនោះ លោក លី ជុងគឿន លើកឡើងអំពីវឌ្ឍនភាព របស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ចាប់តាំងពីចាប់ផ្តើមវិនិយោគនៅកម្ពុជា ក្នុងនោះផងដែរ លោកក៏បានសំដែងនូវការអរគុណ និងកោតសសើរចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានការ អភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ជាពិសេស បានជម្រុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគ ។

លោក លី ជុងគឿន បានបន្តទៀតថា លោកមានបំណងបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាក នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលវិស័យជំនាញដល់ ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតបលោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសរសើរ ដល់ក្រុមហ៊ុន ប៊ូយុង ដែលបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងបានដំណើរការអាជីវកម្ម របស់ខ្លួន បានយ៉ាងល្អ បើទោះបីស្ថិតក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ដែលសកម្មភាពទាំងនេះអាច ចាត់ទុកថា ជាគម្រូមួយដល់ក្រុមហ៊ុនបរទេសផ្សេងៗទៀត ជាពិសេស ក្រុមហ៊ុន កូរ៉េ នៅកម្ពុជា។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុន ប៊ូយ៉ុង នៅកម្ពុជា គឺមានអាជីវកម្មពហុវិស័យ (អភិវឌ្ឍន៍បុរីលំនៅដ្ឋាន ធនាគារ សណ្ឋាគារ និងក្លឹបកូនគោល) ។ ក្រៅពីធ្វើអាជីវកម្ម ក្រុមហ៊ុនបានផ្តល់ជាជំនួយដល់ វិស័យមនុស្សធម៌ និងសង្គមយ៉ាងច្រើននៅកម្ពុជា ជាពិសេស ការជួយក្នុងវិស័យអប់រំផងដែរ ។

ចំណែកការបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាក គឺលោកជំទាវកិត្តិសង្គហបណ្ឌិត បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតសាកលវិទ្យាល័យមួយនៅនេះកម្ពុជា ។

លោកជំទាវក៏បានជូនពរឲ្យក្រុមហ៊ុនប៊ូយ៉ុង ក្រោមការដឹកនាំរបស់ លោក លី ជុងគឿន កាន់តែទទួលជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជនបន្ថែមទៀត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *