ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោ ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ ខាងមុខ។ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភាគរយ ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពសូមស្វែងយល់ពីសម្ដេចតេជោ អំពីគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ ២០២២ ខាងមុខ ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសាររបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្ដេច។ សម្ដេចក៏បានជម្រាបជូនឯកឧត្តមផងដែរ អំពីគោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នោះគឺ ៖

ទី១) ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ានរបស់យើង

ទី២) ពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន

ទី៣) សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមផងដែរនូវជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នោះគឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *