ព័ត៌មានសន្តិសុខសង្គម

សម្រេចឱ្យបិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ក្រសួងទេសចរណ៍ ។
ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់។
លិខិតរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃនេះ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *