ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ភាពខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺការដាក់ចេញគោលនយោបាយ ឆ្លើយតបមានប្រសិទ្ធភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម

ភ្នំពេញ ៖ អ្នកនយោបាយវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសរំលេចថា ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេស គឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម។

លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាមេចលនាសំឡេងយុវជន ត្រូវបានគេមើលឃើញថា ជាអ្នកនយោបាយជំនាន់ក្រោយមួយរូប ដែលតែងបានបញ្ចេញទស្សនៈជាច្រើនតាមបណ្តាញសង្គមលើទិដ្ឋភាពនយោបាយ និងបញ្ហាសង្គមផ្សេងៗ។

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញានេះ លោកក៏បានចេញមកគូសរំលេចពីគុណតម្លៃនៃការដឹកនាំ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្រៅតែពីបង្ហាញភាពខ្លាំងរបស់បក្សលើការដាក់ចេញគោលនយោបាយហើយនោះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា តែងមានភាពបត់បែន និងរស់រវ៉ើកលើយុទ្ធវិធីអនុវត្តគោលនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិ និងមាតុភូមិ។

រលកថ្មីនៃគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ១៩ ការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *